អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តល់វិភាគទានសរុបចំនួន ៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា  បានផ្តល់វិភាគទានសរុបចំនួន ៨លានដុល្លារអាមេរិករួចរាល់មកហើយ ជូនដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ដោយវិភាគទានសរុបចំនួន ៨លានដុល្លាអាមេរិកដែលអ្នកឧកញ៉ាបណ្ឌិត បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជារួមមាន៖

  • ៣ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា
  • ៣ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»
  • និង ២ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ១៩ នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា មន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីបានទិញរួច។

អាស្រ័យហេតុនេះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអំណរគុណ និងមានអំណរក្រៃលែងចំពោះការលះបង់របស់អ្នកឧកញ៉ាបណ្ឌិត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។

គូសបញ្ជាក់ផងដែរ  ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយដាក់ចេញគោលការណ៍សំខាន់ៗចំនួន ៦ចំណុចរួមមាន៖

  1. គ្រប់អតិថិជន និងបុគ្គលិកទាំងអស់តម្រូវឱ្យស្កេនកូដរបស់ក្រសួងសុខាភិបាលមុនពេលចូលក្នុងការិយាល័យ ឬស្នាក់ការរបស់ធនាគារ
  2. គ្រប់អតិថិជន និងបុគ្គលិកទាំងអស់តម្រូវឱ្យវាស់កម្តៅ ពាក់ម៉ាស និងលាងសម្អាតដៃជាមួយអាកុលក្នុងបរិវេណរបស់ធនាគារ
  3. ចំពោះអតិថិជនដែលមានកម្តៅចាប់ពី ៣៧.៥ អង្សាសេ ឬមានអាការៈមិនស្រួលខ្លួន ធនាគារនឹងស្នើសុំឱ្យអតិថិជនពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់
  4. កំណត់ការរក្សាគម្លាតយ៉ាងតិចណាស់ ១.៥ ម៉ែត្រ និងការកំណត់គម្លាតសុវត្ថិភាពនៅបរិវេណផ្តល់សេវា និងបរិវេណរង់ចាំទទួលសេវា
  5. គ្រប់បរិវេណ និងបរិក្ខាររបស់ធនាគារទាំងអស់ ត្រូវបានលាងសម្អាតជាប្រចាំ និងប្រាកដថាមានសុវត្ថិភាព
  6. ផ្តល់ជូនអតិថិជននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយឥតគិតថ្លៃតាមរយៈ CPBank Mobile App ដូចជា៖ ស្កេន QR, ប្រព័ន្ធប៉ះដើម្បីទូទាត់ (Visa Contactless) រាល់ពេលទូទាត់ថ្លៃទំនិញផ្សេងៗ, ផ្ទេរប្រាក់ទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ ដៃគូអាជីវកម្ម ឬផ្ទេរប្រាក់ឆ្លងធនគារទៅកាន់សមាជិករបស់ប្រព័ន្ធបាគង Retail Pay និង ប្រព័ន្ធទូទាត់រហ័សជាដើម ដើម្បីបង្កើនសុវត្ថិភាព និងជៀសផុតពីការឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយហានិភ័យការឆ្លងតាមក្រដាសប្រាក់។

ដើម្បីការពារសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារជៀសផុតពីជំងឺកូវីដ១៩ សូមបន្តអនុវត្តឱ្យបានខ្ជាប់នូវគោលការណ៍ណែនាំ ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជារួមមមាន៖

៣ ការពារ

១. ពាក់ម៉ាស

២. លាងដៃ

៣. គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១.៥ម៉ែត្រឡើងទៅ)

៣ កុំ

១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក

២. កុំទៅកន្លែងមានមនុស្សច្រើន

៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម