ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ

សហគ្រិនស្រ្តី គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើននៅកម្ពុជា គឺជាស្រ្តី ដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តីដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តបំផុតរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា។

នារសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា។ សន្និសីទសារព័ត៌មាននេះ ប្រារព្ធឡើងក្រោមគោលបំណងនៃការផ្តោតសំខាន់លើការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុងការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២០ (SME Finance Forum​ 2020)។ អ្វីដែលសំខាន់នោះ គឺធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមនេះ ក្រោមការប្រកួតប្រជែងពីបណ្តាស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិច្រើនជាង ២០០ស្ថាប័នមកពី ១៤០ប្រទេសទូទាំងពិភពលោក។ ពានរង្វាន់ឆ្នើមដែលផ្តល់ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពុំមែនចេះតែទទួលបាននោះទេ បើសង្កេតមកមើលប្រទេសកម្ពុជាយើងវិញក្នុងឆ្នាំ២០២០ នេះមានតែធនាគារ ប្រៃសណីយ៍កម្ពុជាតែមួយគត់ដែលអាចសម្រេចបាននូវពានរង្វាន់មួយនេះ។

លោក តូច​ ចៅចេក បានមានប្រសាសន៍បន្តថា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា​ ទទួលបានពានរង្វាន់នេះគឺកើតចេញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតបំផុតជូនអតិថិជន សាធារណជន សហគ្រិន ជាពិសេសសហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស។ មិនត្រឹមតែការយកចិត្តទុកដាក់លើអតិថិជនប៉ុណ្ណោះទេ ធនាគារតែងតែលើកកម្ពស់ដល់ស្ត្រីជានិច្ចមិនថាអតិថិជន ឬបុគ្គលិកធនាគារឡើយ។ ក្នុងឆ្នាំ២០២០ នេះ យើងបានផ្តល់ឱកាសជូនបុគ្គលិកជាស្រ្តីចូលរួមបម្រើការងារជាមួយធនាគាររហូតដល់ ​៣២% នៃបុគ្គលិកសរុបជាង ២០០០នាក់ ដោយយើងសង្ឃឹម និងប្តេជ្ញាថាចាប់ពីថ្ងៃនេះ រហូតដល់ ៥ឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជាមួយធនាគារជូនបងប្អូនស្រ្តីកម្ពុជាយើងយ៉ាងតិចណាស់ឱ្យបាន ៥០% ឬលើសពីនេះ។

គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានការប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២០ (SME Finance Forum 2020) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមបានមានប្រសាសន៍ថា “យើងសង្ឃឹមថាអ្នកឈ្នះពានរង្វាន់ហិរញ្ញវត្ថុខ្នាតតូច និងមធ្យមជាសកលនេះ នឹងជម្រុញឱ្យអ្នកផ្តល់ហិរញ្ញប្បទានខ្នាតតូច និងមធ្យមនៅទូទាំងពិភពលោកអាចស្វែងយល់ពីបទពិសោធន៍ដ៏ល្អរបស់ពួកគេ ដែលសម្រេចបាននូវសមិទ្ធផលឆ្នើមមួយនេះ។ ពានរង្វាន់ឆ្នើមនេះផ្តល់ឱ្យអ្នកឈ្នះនូវឱកាសដើម្បីបង្ហាញពីបទពិសោធន៍ល្អនៅលើឆាកអន្តរជាតិ និងដើម្បីជម្រុញឱ្យស្វែងយល់ឱ្យកាន់តែទូលំទូលាយក្នុងចំណោមដៃគូអាជីវកម្មរបស់ពួកគេ។