ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អបអរសាទរខួបទី១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែ មីនា ឆ្នាំ២០១៩ នៅបរិវេណស្នាក់ការកណ្តាល ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានការប្រារព្ធពិធីអបអរសាទរ ខួបទី១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមលើកកម្ពស់ និងឲ្យតម្លៃនារីគ្រប់រូប ឲ្យទទួលបានការគោរពស្រលាញ់ស្មើភាពគ្នា និងមានសុភមង្គលជារៀងរហូត

ក្នុងឱកាសនៃពិធីអបអរសាទរនេះ នាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរំលឹកអំពីប្រវត្តិចលនាតស៊ូជាបន្តបន្ទាប់របស់នារីនៅលើពិភពលោក ទាមទារឲ្យមានការគោរពសិទ្ធិស្ត្រីនៅក្នុងសង្គម និងសិទ្ធិក្នុងការចូលរួមបោះឆ្នោតរហូតទទួលបានជោគជ័យ ហើយអង្គការសហប្រជាជាតិបានបញ្ចូលប្រធានបទនេះជាផ្លូវការទិវាអន្តរជាតិ ៨ មីនា ដែលត្រូវបានគ្រប់ប្រទេសទូទាំងពិភពលោកប្រារព្ធពិធីអបអរសាទរនេះជារៀងរាល់ឆ្នាំ។

នាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិនារីខ្មែរប្រកបដោយសមត្ថភាព ស្មារតីទទួលការខុសត្រូវ និងការអំណត់ព្យាយាមគ្រប់ការងារនិងគ្រប់កាលៈទេសៈ ដែលមានតម្លៃជាសាកល ពោលគឺស្ត្រីជាកម្លាំងចលករជំរុញកិច្ចអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិ។

ក្នុងឱកាសនៃការអបអរ​សាទរខួប​ទី​១០៨ ​នៃ​ទិវា​អន្តរ​ជាតិ​នារីនេះផងដែរ គ្រប់សាខាទាំងអស់នៃធនារគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងចូលរួមប្រារព្ធពិធីនេះដោយការជូនក្រមា ដែលមានចំនួនរហូតដល់ ៥០០០ក្រមា ជូនដល់បុគ្គលិកនារី និងអតិថិជននារីទូទាំងប្រទេស។

រូបភាពពី សាខាការិយាល័យកណ្តាល
រូបភាពពីសាខាទឹកថ្លា