ប្រវត្តិរបស់ធនាគារ
ធនាគារប្រៃសណីយ៍កម្ពុជាក.អ ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញាឆ្នាំ២០១៣ ក្រោមដៃគូរយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ប្រៃសណីយ៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។
ធនាគារត្រូវបានបង្កើតឡើងដំបូងជាមួយនឹងដើមទុនចុះបញ្ជីចំនួន៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣។ ក្នុងខែមករា ឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការទីផ្សារ ធនាគារបានបន្ថែមដើមទុនរហូតដល់៥៩លានដុល្លារអាមេរិក។ ក្នុងខែកញ្ញាឆ្នាំ២០១៧ ធនាគារបានបន្ថែមដើមទុនរហូតដល់ ៧០.៧៩ លានដុល្លារអាមេរិក និងនៅខែមីនា ឆ្នាំ២០១៨ ធនាគារក៏បានបន្ថែមដើមទុនម្តងទៀត ដែលធ្វើឲ្យដើមទុនសរុបកើនឡើងដល់ ៧៦លានដុល្លារអាមេរិក។
គិតត្រឹមឆ្នាំ២០២១ ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបកើនឡើងរហូតដល់ជាង ១.១៨ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦០សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ ៨៩ទីតាំង ចំនួនគណនីអតិថិជនសរុប ១១៦,៧៤៣ គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុប ៧៤,៥៩០ប័ណ្ណ និងដៃគូអាជីវកម្ម ៧,០៤៩កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ព្រមទាំងចូលរួមជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២២។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ក៏កើនបណ្តាញប្រតិបត្តិការសាខារហូតដល់ ៥៩សាខាផងដែរ។
ក្នុងរយៈពេល៨ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ។ សេវាធនាគារជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់ តាមរយៈប្រព័ន្ធអនឡាញដែលអាចជួយសម្រួលដល់អតិថិជន អាចទទួលបាននូវសេវាហិរញ្ញវត្ថុដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ រួមមានការដាក់ដំណើរការប្រព័ន្ធស្នើសុំឥណទាននិងស្នើសុំបើកគណនីតាមអនឡាញ ប្រព័ន្ធអនុម័តឥណទានស្វ័យប្រវត្តិ(LOS) សេវាធនាគារតាមរយៈទូរស័ព្ទដៃ ដែលមានមុខងារពិសេសៗជាច្រើនរួមមានទូទាត់ និងផ្ទេរប្រាក់តាមរយៈQRស្កេន ទូទាត់វិក្កយបត្រ ទូទាត់ថ្លៃទឹក ភ្លើង សំរាម ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធរីធែលផេ (Retail Pay) ប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងមុខងារជាច្រើនផ្សេងទៀត។
មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ រួមមានសាខាការិយាល័យកណ្តាល សាខាសែនសុខ(ផ្សារទំនើបអ៊ីអនសែនសុខ) និងសាខាអូឡាំពិក ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិ។
ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិ។ ធនាគារប្តេជ្ញាក្នុងការកសាងគោលជំហរដ៏មុតមាំមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន ស្របតាមចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ” ដែលធនាគារចង់សម្រេចឲ្យបាននៅប្រាំឆ្នាំខាងមុខ។
កាណាឌីយ៉ា អ៊ីវេសមិនហូលឌីង ភីអិលស៊ី
កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង មានទ្រព្យសកម្មសរុបជាង ៨,២ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២១។ កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារនិងហិរញ្ញវត្ថុ(សាជីវកម្មសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។
ហ្វូឡឹតុនហ្វាយណាន់ស៊្យលខាប់ពីតាល់ ភីធីអ៊ី
ហ្វូឡឹតុនហ្វាយណាន់ស៊្យលខាប់ពីតាល់ ភីធីអ៊ី គឺជាបុត្រសម្ព័ន្ធរបស់ ហ្វូឡឹតុន ហ្វាយណាន់ស៊្យលហូលឌីង។ ហ្វូឡឹតុន ហ្វាយណាន់ស៊្យលហូលឌីង បានវិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយផ្តោតលើការបម្រើសេវាកម្មដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាជីវកម្មទីផ្សារចម្រុះតាមរយៈការអភិវឌ្ឍន៍និងប្រតិបត្តិនូវខ្នាតគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងល្អដាច់គេ។
ប្រៃសណីយ៍កម្ពុជា (នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា)
ប្រៃសណីយ៍កម្ពុជាគឺជាអង្គភាពសាធារណៈ និងជាក្រុមហ៊ុនរបស់រដ្ឋ ដែលស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC)និងត្រូវបានគ្រប់គ្រងផ្នែកហិរិញ្ញវត្ថុ ដោយក្រសួង សេដ្ឋកិច្ច និង គ្រប់គ្រងហិរិវត្ថុុជា្វយហិរិញ្ញវត្ថុ (MEF) ។
ប្រៃសណីយ៍កម្ពុជាទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវ គោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។