អំពីធនាគារ

ប្រវត្តិរបស់ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជមួយដែលរីកចម្រើន​លឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ប្រៃសណីយ៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊្យលខាប់ពីតាល់ ភីធីអ៊ី (Fullerton Financial Capital Pte.)។ ចាប់ពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ធនាគារ​បានវិវឌ្ឍន៍ខ្លួន​ទៅ​ជាធនាគារពាណិជ្ជដ៏​ល្អបំផុតមួយ​សម្រាប់​អតិថិជនទូទៅនៅ​ប្រទេស​កម្ពុជា ដោយ​បាន​ទទួលយកការអនុវត្តជាសាកលល្អបំផុត និងស្ថិតនៅជួរមុខគេក្នុងការទទួលយក​គំនិតផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកវិទ្យា។ ធនាគារ​ វាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈ​ចំនួន​ប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារ​ក៏មើលទៅលើ​សមិទ្ធផល​សំខាន់ៗនានា ក្នុង​ការ​បំពេញតម្រូវការ​កើនឡើង​របស់អតិថិជន​ ដែល​ជួយឱ្យ​ធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល៩ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជន​អាច​ស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និង​ធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ​ ក៏បាន​ដាក់ឱ្យប្រើប្រាស់មុខងារ QRស្កេន ទូទាត់វិក្កយបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធរីធែលផេ (Retail Pay) ប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែល​ធ្វើ​ឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់​តែខ្ពស់ពីអតិថិជនក្នុង​​ការធ្វើប្រតិបត្តិការនានា​តាមប្រព័ន្ធឌីជីថល ធនាគារ​មិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព​ ២៤/៧ ប៉ុណ្ណោះទេ ធនាគារ​ថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប់គ្រេត) ប្រព័ន្ធធនាគារស្នូលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។

បច្ចុប្បន្ន ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦០សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ​៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង៣០០.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុបជាង​ ១០០.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង​៣០០.០០០កន្លែងទូទាំងប្រទេស។ ធនាគារ​ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់​សងប្រាក់​កម្ចីវិញ​បាន​កាន់​តែងាយស្រួល។ ​ធនាគារ ​បានចាប់ដៃគូជាមួយគ្រឹះស្ថាន​ហិរញ្ញវត្ថុផ្សេងទៀតដូចជា អេ អឹម ខេ និងអម្រឹត ដែល​អនុញ្ញាត​ឱ្យអតិថិជន​នៃស្ថាប័ននេះ ​អាចដកប្រាក់​ពី​ម៉ាស៊ីនអេធីអឹមគ្នាទៅវិញទៅមក​ដោយឥតគិតថ្លៃ​ ដោយប្រើប្រាស់​ប្រព័ន្ធ CSS របស់ ធនាគារជាតិ នៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២៣។

ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ ២០២២ ធនាគារ បានទទួលពានរង្វាន់ «SME Financier of The Year-Asia»​ លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុង​កម្មវិធី Global SME Finance Forum Award 2022 ដែល​រៀបចំឡើង​ដោយ International Finance Corporation (IFC) និង ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME Finance Forum) សម្រាប់ការរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យម និងជាពិសេសសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានឈ្នះពានរង្វាន់ “Quality Achievements Award 2022″ លំដាប់ថ្នាក់​ “Platinum” ពីស្ថាប័ន European Society for Quality Research (‘ESQR’) ប្រទេសស្វីស សម្រាប់ការខិតខំប្រឹងប្រែង និង​ប្តេជ្ញាចិត្ត​ ក្នុងការផ្តោតលើការពង្រឹងគុណភាព របស់ខ្លួនក្នុងការផ្តល់សេវាកម្ម​ និង​ អភិវឌ្ឍន៍ផលិតផលនានាផងដែរ។

ធនាគារប្តេជ្ញាក្នុងការកសាងគោលជំហរដ៏មុតមាំមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន នៅ​ប្រទេសកម្ពុជា។ ធនាគារកំពុងព្យាយាមសម្រេចឱ្យបាន​នូវ ចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ”។

គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញារចនា និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

កាណាឌីយ៉ា អ៊ីវេសមិនហូលឌីង ភីអិលស៊ី

កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមចុងឆ្នាំ២០២២ កាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង មានទ្រព្យសកម្មសរុបជាង ៧,២ពាន់លានដុល្លារអាមេរិក ។ កាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារនិងហិរញ្ញវត្ថុ (សាជីវកម្មសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។

ហ្វូឡឹតុនហ្វាយណាន់ស៊្យលខាប់ពីតាល់ ភីធីអ៊ី 

ហ្វូឡឹតុនហ្វាយណាន់ស៊្យលខាប់ពីតាល់ ភីធីអ៊ី គឺជាបុត្រសម្ព័ន្ធរបស់ ហ្វូឡឹតុន ហ្វាយណាន់ស៊្យលហូលឌីង។ ហ្វូឡឹតុន ហ្វាយណាន់ស៊្យលហូលឌីង បានវិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយផ្តោតលើការបម្រើសេវាកម្មដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាជីវកម្មទីផ្សារចម្រុះតាមរយៈការអភិវឌ្ឍន៍និងប្រតិបត្តិនូវខ្នាតគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងល្អដាច់គេ។

ប្រៃសណីយ៍កម្ពុជា (នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា)

ប្រៃសណីយ៍កម្ពុជាគឺជាអង្គភាពសាធារណៈ និងជាក្រុមហ៊ុនរបស់រដ្ឋ  ដែលស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC)និងត្រូវបានគ្រប់គ្រងផ្នែកហិរិញ្ញវត្ថុ ដោយក្រសួង សេដ្ឋកិច្ច និង ហិរិញ្ញវត្ថុ (MEF) ។

ប្រៃសណីយ៍កម្ពុជាទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវ គោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។