ធនាគារ ប្រៃសណីយ៍កម្ពុជា បន្តចូលរួមទំនួលខុសត្រូវសង្គមដោយបរិច្ចាកទឹកប្រាក់ចំនួន ១០លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា

រាជធានីភ្នំពេញ, នាថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ បាននាំយកនូវថវិកាចំនួន ១០,០០០,០០០រៀល ទឹកសុទ្ធ 20កេស និងម៉ាស​ 100ប្រអប់ ឧបត្ថម្ភជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ បន្ថែមពីលើនេះ ធនាគារ​បានបង្កើតជាគណនីមនុស្សធម៌មួយជូនអង្គការដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការបរិច្ចាគជាថវិកាប្រចាំខែ ឬប្រចាំឆ្នាំ ទោះបីក្នុងទំហំទឹកប្រាក់តិចក្តី ច្រើនក្តី ដើម្បីក្តីសង្ឃឹមថ្មីរបស់ស្រ្តីរងគ្រោះដែលនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។

គណនីសម្រាប់បរិច្ចាគ៖

  • KHR: 610000000534 (AFESIP CAMBODIA ORGANIZATION)
  • USD: 610000000526 (AFESIP CAMBODIA ORGANIZATION)

គូសបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះ តាមរយៈការផ្ដល់ជាជំរក ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 និងបានជួយការពារ និងគាំពារកុមារីរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា “ជារៀងរាល់ឆ្នាំធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែបានធ្វើវិភាគទាន សប្បុរសធម៌ និងការបរិច្ចាគផ្សេងៗជូនដល់បុគ្គលគ្មានទីពឹង អង្គការ សាលារៀន ទីវត្តអារាម មណ្ឌលសុខភាព -ល- ដើម្បីជាចំណែកមួយក្នុងការជួយឱ្យពួកគាត់ទទួលបាននូវការផ្គត់ផ្គង់ដ៏សមស្របមួយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិដើម្បីប្រើប្រាស់តាមបណ្តាអង្គភាព និងមូលដ្ឋានរបស់ខ្លួន ដែលទាំងអស់នេះសុទ្ធសឹងតែជាផែនការយុទ្ធសាស្ត្រដែលយើងបានកំណត់”។

លោកបានបន្ថែមទៀតថា “យើងបានសង្កេតឃើញថា អង្គការអាហ្វេស៊ីបកម្ពុជា បានជួយគាំពារ និងការពារកុមារីរងគ្រោះ និងងាយរងគ្រោះរាប់ម៉ឺននាក់រួចរាល់មកហើយ ដែលបានធ្វើឱ្យកុមារីទាំងអស់នោះទទួលបាននូវជំរក ការសិក្សា ការអប់រំបណ្តុះបណ្តាលទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលជាកត្តាលីករនាំឱ្យពួកគាត់មានឱកាសក្នុងការត្រឡប់ទៅប្រកបការងារ និងរស់នៅក្នុងសហគមន៍របស់ពួកគាត់វិញ និងបន្តក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ខ្ញុំ ក៏ដូចជាក្រុមការងារទាំងអស់ពិតជាមានសេចក្តីសោមន្សយ៉ាងក្រៃលែងដែលថ្ងៃនេះ យើងបានក្លាយជាចំណែកមួយក្នុងការចូលរួមជួយដល់កុមារីកម្ពុជា ទោះបីត្រឹមតែចំនួនទឹកប្រាក់ និងសម្ភារៈបន្តិចបន្តួចនេះក្តី”។

ជាចុងក្រោយ​ យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប​ចូលរួមបរិច្ចាគ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់អង្គការកុមារ ចាស់ជរា ជនពិការ ក៏ដូចជាជនដែលកំពុងតែត្រូវការជំនួយ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈរ និងបន្តដំណើរទៅមុខ ក៏ដូចជាការអភិវឌ្ឍន៍ខ្លួនក្លាយជាបុគ្គលគំរូសម្រាប់សង្គមនាថ្ងៃខាងមុខ។