CPBank ប្រារព្ធមហាសន្និបាទប្រចាំឆ្នាំលើកទី 7

នាថ្ងៃសុក្រ ទី08 ខែមករា ឆ្នាំ2020 CPBank បាន​រៀបចំមហាសន្និបាទប្រចាំឆ្នាំលើកទី 7 ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាទាំង 58សាខាទូទាំងប្រទេស។ ដំណើរប្រព្រឹត្តិទៅនៃមហាសន្និបាទនេះត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលនៃរោគរាតត្បាតជាសកលនៃជំងឺកូវីដ-19 លើការរក្សាគម្លាតសង្គម និងការរក្សាអនាម័យ។

មហាសន្និបាទនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​2020 និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2021។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាទនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។ លើសពីនេះ គណៈគ្រប់គ្រង CPBank ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ2020 ផងដែរ។

គូសបញ្ជាក់ផងដែរថាគិតត្រឹមឆ្នាំ2020 CPBank សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើនរួមមាន៖

  1. ទ្រព្យសកម្មសរុបកើនឡើងរហូតដល់ជាង 1ពាន់លានដុល្លារអាមេរិក
  2. បណ្តាញប្រតិបត្តិការ 58សាខាទូទាំងប្រទេស​ រួមបញ្ចូលទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចំនួន 51សាខា និងម៉ាស៊ីន ATM ចំនួន 66 ទីតាំង
  3. ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ពីអគ្គនាយកដ្ឋាន ពន្ធដារ
  4. ដំណើរការប្រព័ន្ធធនាគារឌីជីថលមុខងារថ្មីជាច្រើនរួមមាន ការស្នើសុំបើកគណនី និងការស្នើសុំឥណទានតាមរយៈអនឡាញ ប្រព័ន្ធLOS ដំណើរការប័ណ្ណឥណទានវីសា ការផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង, Retail Bank, CSS និង Fast
  5. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum
  6. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review
  7. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine

ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ ជាពិសេសសូមឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ2021 ខាងមុខ និងបានប្រសិទ្ធពរជ័យសព្វសាធុកាចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។