ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ឆ្នើមជាលើកទី២ ក្នុងឆ្នាំ២០២០

CPBank ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេស ដែលសម្រេចបានទ្រព្យសកម្មលឿនបំផុតរហូតដល់ ១,០០០ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការ។ នាដើមឆ្នាំ២០២០ កន្លងមកនេះ CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine ម្តងរួចមកហើយ ប៉ុន្តែសក្ខីភាពដ៏អស្ចារ្យមួយទៀតត្រូវបានកើតឡើងដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រនៃ CPBank គឺការសម្រេចបាននូវពានរង្វាន់ធនាគារឆ្នើមជាលើកទី២ ផ្នែក “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review។

ពានរង្វាន់ឆ្នើមមួយនេះប្រគល់ជូន CPBank ក្នុងនាមជាធនាគារដែលមានភាពរីកចម្រើនក្នុងការសម្រេចបាននូវទ្រព្យសកម្មរហូតដល់ ១,០០០ លានដុល្លារអាមេរិកលឿនបំផុត និងការពង្រីកនូវបណ្តាញប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ៧ឆ្នាំ ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្តនៃស្ថាប័នធនាគារ និងហិរញ្ញវត្ថុកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ពានរង្វាន់ឆ្នើមនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនអតិថិជនគ្រប់កម្រិតជីវភាព និងឱ្យស្ថិតនៅជិតពួកគាត់បំផុត។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank បានមានប្រសាសន៍លើកឡើងថា៖ “ក្នុងឆ្នាំ២០២០ នេះ ធនាគារមានបណ្តាញប្រតិបត្តិការសរុប ៥៥សាខាទូទាំងប្រទេស និងគ្រោងបើកដំណើរការសាខាចំនួន ៣បន្ថែមទៀតនាចុងឆ្នាំ២០២០នេះផងដែរ។ ធនាគារមិនត្រឹមតែមានប្រតិបត្តិការសាខាជាច្រើនសម្រាប់បម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនប៉ុណ្ណោះទេ ធនាគារក៏មាននូវសេវាកម្មជាច្រើនប្រភេទដែលបានបម្រើសេវាជូនអតិថិជនជាង ១០០,០០០នាក់រួចមកហើយរួមមាន សេវាបញ្ញើសន្សំ សេវាឥណទាន សេវាធនាគារតាមទូរសព្ទ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ ម៉ាស៊ីនអេធីអឹម ដកប្រាក់ ដាក់ប្រាក់ ២៤/៧ និងមានសេវាកម្មដ៏ច្រើនសម្បូរបែបជាច្រើនទៀត”។

លោក តូច ចៅចេក បានបន្ថែមទៀតថា៖ “ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនលើការជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ។ ការសម្រេចបាននូវវឌ្ឍនភាពដ៏ត្រចះត្រចង់លើកនេះ ក៏ដូចជាពេលកន្លងមក និងការទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមចំនួន ២ ប្រភេទក្នុងឆ្នាំ២០២០ នេះ គឺកើតចេញពីលោកអ្នកទាំងអស់គ្នា”។