ធនាគារ ប្រៃសណីយ៍កម្ពុជា ប្រារព្ធមហាសន្និបាទប្រចាំឆ្នាំលើកទី ៦

នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សោម៉ាទេវីអង្គរ ទីរួមខេត្តសៀមរាប ធនាគារ ប្រៃសណីយ៍កម្ពុជា​បាន​រៀបចំមហាសន្និបាទប្រចាំឆ្នាំលើកទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ​ ប្រៃសណីយ៍កម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នាយក នាយិកាសាខា ព្រមទាំងបុគ្គលិកឆ្នើមជាច្រើនរូប។

មហាសន្និបាទប្រចាំឆ្នាំលើកទី៦នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរសមិទ្ធិផលការងារដែលសម្រេចបានក្នុងឆ្នាំ​២០១៩ និងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០។ មហាសន្និបាទប្រចាំឆ្នាំលើកទី៦ នេះផងដែរ ក៏មានការរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំល្អ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងការទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឲ្យមានប្រសិទ្ធភាពខ្ពស់។ ពិសេសជាងនេះទៅទៀតនោះ​ មហាសន្និបាទប្រចាំឆ្នាំលើកទី៦នេះ ក៏បានធ្វើការប្រគល់ជូនពានរង្វាន់ និងលិខិតសរសើរជូនបុគ្គលិកឆ្នើម និងសាខាឆ្នើមប្រចាំឆ្នាំ២០១៩ ជាច្រើនទៀត។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជាក៏បានសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ដល់គណៈគ្រប់គ្រង នាយក នាយិកា និងបុគ្គលិកទាំងអស់ក្នុងការខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេល មួយឆ្នាំពេញ​ប្រកបដោយលទ្ធផលគួរជាទីគាប់ប្រសើរ និងសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជាគ្រប់រូប ព្រម​ទាំង​សម្រេច​បានតាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្តុង្គ​ឧត្តមកុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។