ធនាគារ ប្រៃសណីយ៍កម្ពុជា សាខាខេត្តស្វាយរៀង បានចូលរួមជាមួយសាលាខេត្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យអុំទូកប្រចាំខេត្តស្វាយរៀង

ពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយ ដែលជាប់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តរបស់កងទ័ពខ្មែរក្នុងការពារបូរណភាពទឹកដី នៃប្រទេសជាតិទាំងមូល និងជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរផងដែរ ហើយក៏ជាមរតកវប្បធម៌ដូនតា ដែលបានបន្សល់ទុកតាំងពីបុរាណកាលមកម៉្លេះ និងមានអាយុកាលជាយូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះ ពីធីបុណ្យអុំទូកត្រូវបានប្រជារាស្រ្ត នៃប្រទេសកម្ពុជាយើង គឺតែងតែប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំ និងចាត់ទុកជាពីធីបុណ្យប្រពៃណីជាតិមួយដ៏ធំ និង សំខាន់បំផុតក្នុងចំណោមបុណ្យជាតិសំខាន់ៗផ្សេងទៀត។

ដោយឡែកនៅក្នុងខេត្ត ស្វាយរៀង ភូមិភាគខាងកើតនៃប្រទេសកម្ពុជាយើងវិញ​ ក៏បានប្រារព្ធពីធីបុណ្យអុំទូកប្រពៃណីខ្មែរយើងផងដែរ ព្រមទាំងមានទីតាំងនៃការប្រកួតប្រណាំងនៅ ទន្លេវាយគោ។ ក្នុងពីធីត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី​​ ១៤ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីធ្វើការប្រឡងប្រណាំងជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អទៅចូលរួមប្រណាំងប្រគួតប្រជែងផ្តាច់ព្រ័តថ្នាក់ជាតិ នៅរាជធានីភ្នំពេញ

ក្នុងឱកាសអបអរសាទរព្រះរាជពីធីបុណ្យអុំទូកនេះផងដែរ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០នាទីនាពេលព្រឹក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ​ សាខាខេត្ត ស្វាយរៀង បានចូលរួមជាមួយសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដឹកនាំដោយលោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ដោយនាំយកអាវយឺតចំនួន ៥០ អាវ និង ស្បោងបរិស្ថានចំនួន ៥០ ដល់សាខាខេត្តស្វាយរៀង ដើម្បីឧបត្ថម្ភដល់កីឡាករដែលចូលរួមប្រណាំងទូក។